(VOD) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ពីព្រះទីនាំងមហាមន្ទីរ ទៅតម្កល់នៅព្រះចេតីយ៍ក្នុងបរិវេណព្រះឧបោសថរតនារាម ព្រះកែវមរកត នៃព្រះមហារាជវាំង។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចុះផ្សាយថា យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឡាយព្រះហស្ថលេខាកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ មានព្រះរាជឱង្ការថា គណៈកម្មាធិការនេះ មានភារកិច្ចរៀបចំ និងសម្របសម្រួលព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណាព្រះបរមរតនកោដ្ឋ ពីព្រះទីនាំងមហាមន្ទីរ ទៅតម្កល់នៅ ព្រះចេតីយ៍ក្នុងបរិវេណព្រះឧបោសថរតនារាម ព្រះកែវមរកត នៃព្រះមហារាជវាំង ឲ្យមានដំណើរការល្អប្រសើរ ឧត្តុង្គឧត្តមស័ក្កិសមនឹងព្រះរាជគោរមងាររបស់ព្រះអង្គជា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្តថា គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះមហាវីរក្សត្រនេះ បានចាត់តាំង លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ជាប្រធានគណៈកម្មាធិការ លោក ហេង សំរិន ប្រធានរដ្ឋសភា ជាអនុប្រធាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានប្រចាំការ និងមន្ត្រីជាន់ខ្ពស់ចំនួន ១០រូបទៀត ជាអនុប្រធាន ដែល លោក គង់ សំអុល ជាអនុប្រធានអចិន្ត្រៃយ៍ និងមានមន្ត្រីចំនួន ១២ រូបទៀតជាសមាជិក។
ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» បានយាងចូលទិវង្គតនៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ហើយព្រះរាជពិធីថ្វាយព្រះភ្លើង «ព្រះបរមរតនកោដ្ឋ» បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៣៕
ព្រះមហាក្សត្រ បង្កើតគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ
in
Local News
,
News
