ប្រភព៖ កោះសន្តិភាព
កាប់ប្រហាររឿងស្នេហ៍ត្រីកោណ អ្នករងគ្រោះទទួលមរណភាព បុរសជាប្តីគឺជាឃាតករដៃដល់
in
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាជាងបៀកថ្នាំផ្ទះ ត្រូវជនមួយក្រុមកាប់ប្រហារមិនត្រាប្រណីបណ្តាលឱ្យរងរបួសធ្ងន់នោះ ពេលនេះបានស្លាប់ហើយ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែរបួសមានសភាពធ្ងន់ពេក ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ អ៊ុយ អាយ ហៅសុផានិត អាយុ២៧ឆ្នាំ គឺជាបុរសពោះមា៉យដែលបានលែងលះប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្រឡោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះត្រូវបានជន១ក្រុមមានគ្នា៨នាក់ ធ្វើសកម្មភាពកាប់ប្រហារចំនួន២៣កាំបិត បណ្តាលឱ្យរងរបួសសុសសាច់ពេញខ្លួនប្រាណ ដៃជើង ដេកដួលនៅក្នុងថ្លុកឈាមសន្លប់ស្តូកស្តឹង បន្ទាប់មកក្រុមឃាតករបាននាំគ្នាជិះម៉ូតូចំនួន៤គ្រឿងគេចខ្លួនបាត់ស្រមោល ប៉ុន្តែក្នុងចំណោមម៉ូតូទាំង៤គ្រឿងនោះត្រូវបានគេស្គាល់១គ្រឿងមា៉កហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ៣២៦៧ ។ មុននេះតាមព័ត៌មានជំហានដំបូងថា ជនដៃដល់ជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ករណីខាងលើត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវយា៉ងដុតដៃដុតជើងបំផុត និងបានអះអាងថា រឿងនេះផ្តើមចេញពីទំនាស់ស្នេហាត្រីកោណ ព្រោះបើយោងតាមការសាកសួរសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះគឺជាបុរសពោះមា៉យដែលបានលែងលះគ្នាជាមួយប្រពន្ធរយៈពេលជាង២ឆ្នាំមកហើយ ។ មិនតែប៉ុណ្ណោះក្រោយពេលលែងប្រពន្ធរួចហើយ ជនរងគ្រោះបានចេញពីស្រុកកំណើតមកស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ធ្វើជាកម្មកររោងចក្រកាត់ដេរ ហើយបានមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ឈ្មោះ កិ ស្រីមុំ អាយុ៣០ឆ្នាំ ដែលជាកម្មការិនីរោងចក្រកាត់ដេរជាមួយគ្នា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតជាមួយគ្នាដែរ ។ ពួកគេទាំង២នាក់ស្រលាញ់គ្នាខ្លាំងណាស់ រហូតរស់នៅក្នុងផ្ទះជួលជាមួយគ្នាទៀតផង ហើយស្ត្រីរូបនោះមានប្តីរួចទៅហើយ ប៉ុន្តែមានភាពរកាំរកូសនឹងគ្នានៅក្នុងរង្វង់គ្រួសារ រស់នៅមិនចុះសម្រុងនឹងគ្នាឡើយ ។
ប្រភពដដែលបានបន្តថា ស្ត្រីរូបនោះបានប្រាប់ជនរងគ្រោះថា នាងលែងលះប្តីដាច់ស្រេចហើយ ទើបជនរងគ្រោះរឹតតែស្រលាញ់នាងកាន់តែខ្លាំងឡើងៗ ហើយពួកគេបានទាក់ទងស្នេហាគ្នាជាង៥ខែកន្លងមកហើយ ។ ចំណែកឯបុរសជាប្តីស្ត្រីរូបនោះក៏បានដឹងរឿងនេះច្បាស់ និងបានតាមយា៉ងប្រកៀកប្រកិតដែរ រហូតជនរងគ្រោះលែងហា៊ននៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យតទៅទៀត និងបានបោះបង់ចោលការងារជាកម្មកររោងចក្រកាត់ដេរ ងាកមកធ្វើជាកម្មករសំណង់វិញ ប៉ុន្តែគេនៅតែមានទំនាក់ទំនងស្នេហាស្អិតរមួតជាមួយស្ត្រីឈ្មោះ កិ ស្រីមុំ នោះដដែល ។ ប្រភពដដែលបានបន្តទៀតថា ដូច្នេះហើយទើបធ្វើឱ្យប្តីស្ត្រីនោះខឹង ហើយនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុរសជាប្តីនោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ សុំឱ្យជួយអន្តរាគមន៍រឿងជនរងគ្រោះស្រលាញ់ប្រពន្ធរបស់ខ្លួន ប៉ុន្តែនគរបាលមិនទាន់បានចាត់ការឱ្យនៅឡើយ ។ លុះនៅរសៀលថ្ងៃទី២២ មេសា ខណៈជនរងគ្រោះកំពុងធ្វើការស្រាប់តែបុរសជាប្តីស្ត្រីរូបនោះបានដឹកនាំបក្សពួក៧នាក់ទៀតជិះម៉ូតូ៤គ្រឿងទៅក្រវែល មើលឃើញជនរងគ្រោះកំពុងធ្វើការក៏បានឈប់ម៉ូតូនៅខាងមុខផ្ទះ ។
ចំណែកជនរងគ្រោះពេលដឹងថាមានរឿងមិនស្រួលក៏បានរត់ពួនដែរ ប៉ុន្តែខណៈនោះជនដៃដល់បានដើរចូលទៅរកដល់ក្នុងផ្ទះ ។ ដោយឡែក ប្អូនប្រុសជីដូនមួយជនរងគ្រោះម្នាក់បានឈររាំងផ្លូវមិនឱ្យចូល ប៉ុន្តែត្រូវជននោះចាប់ទាញចេញ បន្ទាប់មកបានចូលទៅកាប់ប្រហារជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ដេកដួលនៅក្នុងថ្លុកឈាមតែម្តង និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យកាល់ម៉ែត ។ ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមឃាតករទាំងនោះហើយ ៕