skip to main
|
skip to sidebar
តៃកុងតាក់ស៊ី ប្រុងចាប់រំលោភ តែសំណាងល្អរត់ចូលផ្ទះអ្នកស្រុកឲ្យគេជួយទាន់
កំពង់ឆ្នាំង៖ បុរសជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់មានគំនិតមិនល្អលើនារីវ័យក្មេងម្នាក់ដែលជិះនៅលើរថយន្តរបស់ខ្លួនដោយបើកឡានទៅកន្លែងស្ងាត់ហើយប្រុងចាប់រំលោភ ប៉ុន្តែសំណាងល្អ នាងបានរត់ចេញពីឡានក្នុងផ្ទះអ្នកស្រុកឲ្យគេជួយទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៧យប់ ថ្ងៃទី២២ ខែមេសា នៅផ្លូវបំបែកម្តុំចំការស្វាយចន្ទី ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
នារីដែលជួបរឿងអាក្រក់នេះមានអាយុ១៩ឆ្នាំមានទីលំនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ អ្នកភូមិជាម្ចាស់ផ្ទះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានយកនាងមកកាន់អធិការដ្ឋាននគរបាលក្រុង កំពង់ឆ្នាំងដើម្បីធ្វើការសាកសួរ។
នារីនោះ បានប្រាប់សមត្ថកិច្ចថា នាងបានជិះរថយន្តតាក់ស៊ីពីភ្នំពេញ ក្នុងគោលដៅឆ្ពោះទៅកាន់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីទៅលេងបងប្អូននៅទីនោះ។ នៅលើរថយន្តតាក់ស៊ីមានគ្នា៧នាក់ ប៉ុន្តែគេចុះមុនអស់ នៅសល់តែនាងម្នាក់ ដែលត្រូវទៅចុះនៅចំណតរថយន្តផ្សារលើទីរួមខេត្តកំពង់ឆ្នាំង។ អ្នកបើកបររថយន្តតាក់ស៊ីនោះបានបើកកាច់កុង ទៅរកកន្លែងស្ងាត់ និងបាននិយាយសុំនាងរួមរ័ក និងបានចាប់អោបនាង តែនាងបានរើបំរាស់និងបានប្រាប់ទៅបុរសនោះ កុំអោយធ្វើអីចឹង ដោយឃើញសភាពមិន ស្រួលនាងបានប្រើល្បិច ដោយអោយបុរសនោះជូនរកទៅទិញទឹកហូបសិន ហើយនាង ក៏រត់ចូលផ្ទះអ្នកស្រុក ស្រែកអោយគេជួយផ្អើលឆោឡោតែម្តង។
នារីរងគ្រោះបានឲ្យដឹងទៀតថា ចំពោះអ្នកបើកបរថយន្តតាក់ស៊ីនោះ នៅពេលដែលគេផ្អើលឆោឡោ ក៏បានបើករថយន្តគេចខ្លួនបាត់។ នាងមិនបានចាំស្លាកលេខរថយន្តនិងភិនភាគបុរសគំនិតអាក្រក់នោះច្បាស់ទេ។ក្រោយពីសាកសួរចប់សមត្ថកិច្ចបានហៅបងប្អូននារីរងគ្រោះនៅឯស្រុកបរិបូណ៌ មកទទួលយកនាងទៅទាំងយប់៕
ប្រភព៖ CEN