![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicXslSfQps-psWbNgwPfXmnFxxsrRkbf6SwdhWipvmUGTEGpQ7dnXp316umkF29LVlxDiIy2lQ9Ffr8NmQfHiOo7_k_6SYANnmdcGWaCyCeCf-_HYIxy2pFI4tK4Tse0Zq9ZsQVsSC9M94/s1600/M-hacker-2014-04-24-02-2014-04-24.jpg)
ក្រុមបក្ខពួកHackersដែលត្រូវបានចាប់ខ្លួន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយព្រមានផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប្រសិនបើមិនមានការដោះលែងក្រុមរបស់គេ២នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ បានឃាត់ខ្លួនក្រុមHackersកម្ពុជាចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធការវាយប្រហារទ្រង់ទ្រាយធំមកលើបណ្តាញបច្ចេកវិទ្យាព័ត៌មានរបស់ស្ថាប័នជាតិសំខាន់ៗ នាពេលកន្លងមក។ អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ហៅ SexmachineឬBlackcyber ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ជូ សុងហេង ហៅZoro ភេទប្រុសអាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី០៣ នៅសាកលវិទ្យាល័យ SETEC។
ក្រុមHackers បានបង្ហោះនៅទំព័រដែលមានអ្នកចុចLikesជាង ៤០០០នាក់ កាលពីថ្ងៃពុធថា ពួកគេ នឹងចាប់ផ្តើមនៅពេលដែលមានអ្នកគាំទ្រពួកយើងច្រើន ដើម្បីជួយដល់ការដោះលែងសមាជិករបស់គេ២នាក់ ។ ក្រុមនោះ ព្រមានថាក្រុមអនាមិកទូទាំងពិភពលោក នឹងចូលមករួមដៃជាមួយពួកយើងដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រុមអនាមិក សរសេរថា«ពួកពុករលួយខ្លាចយើង ពួកស្មោះត្រង់គាំទ្រយើង ពួកអ្នកតស៊ូចូលរួមជាមួយយើង ពួកយើងមិនអភ័យទោស ពួកយើងមិនបំភ្លេចចោល....»។ ពួកHackersបន្តថា អ្នកចាប់ពួកគេត្រឹមតែ២នាក់ ប៉ុន្តែពួកគេ នៅតែអាចបន្តការងារ ហើយនឹងចាប់ផ្តើមឲ្យខ្លាំងជាងមុន១០ដង ១០០០ដង ១០០០០ដង និងគ្មានទីបបញ្ចប់ចាប់ពីពេលនេះតទៅ។
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vtCXtS9os23BPS6UDO3eXBKEMKygChNCGS7vvO_OBT4-d5lf6ebSt_w_nJc2DGSKuU6S4fjqGWHdi7TYUzVFo5h9tIYeY9OdQLFIK7aenviWhtm6HBTVZjLDvwALEyhGzC7KWQdq1PYkiY1JPh-1x0CoawqtUXZfgWFAZhvq32vCeq=s0-d)
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្រុមHackersអនាមិកកម្ពុជា បានធ្វើសកម្មភាព វាយប្រហារធ្វើឲ្យរអាក់រអួលមិនដំណើរការគេហទំព័រ(DDos) ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់ លួចទិន្នន័យសម្ងាត់ជាតិពីប្រព័ន្ធព័ត៌មាន និងការកែទំព័រដើមនៃគេហទំព័រ ទៅលើស្ថានប័នជាតិសំខាន់ៗ ប្រមាណ៣០ និងស្ថាប័នឯកជនមួយចំនួនទៀត ចាប់តាំងពីមុនការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ក្នុងនោះមានដូចជា គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ ជាដើម។
បើតាមគេហទំព័រដដែល បច្ចុប្បន្នជនសង្ស័យទាំងពីរនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ យោងតាមមាត្រា ៤២៧, ៤២៨, ៤២៩ នៃក្រមព្រហ្មទណ្ឌ ជនសង្ស័យ ត្រូវប្រឈមនឹងការពិន័យជាប្រាក់ពី ១០០ ០០០រៀល ដល់ ៤០០០ ០០០រៀល និងអាចជាប់ពន្ធនាគាពី០១ខែ រហូតដល់០២ឆ្នាំ។
ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលក្នុងគ្រប់គ្រងលើប្រព័ន្ធអ៊ីនធើណែត ដោយសេចក្តីព្រាងច្បាប់នេះ រឹតបន្តឹងសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងគេហទំព័រ ដែលអាចឈានដល់ការជាប់ពន្ធនាគារ និងការផាកពិន័យជាទឹកប្រាក់។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃ ស៊ីផាន មានប្រសាសន៍ថា ច្បាប់នេះកំពុងស្ថិតក្នុងការពិភាក្សាសម្ងាត់ ពីស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ហើយមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។ លោកប្រតិកម្មទៅនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយសេចក្ដីព្រាងច្បាប់នេះ៕
ប្រភព៖ VOD