(VOD) កម្មកររោងចក្រ QMIP នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមាណ ៣៧០០នាក់ បន្តធ្វើបាតុកម្ម និងឈានដល់បិទកំណាត់ផ្លូវជាតិលេខ៤ រយៈពេលខ្លីនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យភាគីរោងចក្រទទួលយកតំណាងកម្មករ ២៥នាក់ ចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
តំណាងកម្មករ លោកបៀវ ម៉ាន់នរិន ជាប្រធានសហជីពសេរីពលករខ្មែរប្រចាំរោងចក្រ QMIP ប្រាប់ VOD នៅថ្ងៃទី២៥ ខែមេសានេះថា ពេការផ្ទុះបាតុកម្មរយៈលបីថ្ងៃ ហើយឈានទៅដល់ការបិទកំណាត់ផ្លូវជាតិលេខ៤ អស់រយៈពេល ២០នាទីនៅថ្ងៃនេះ គឺដោយសារភាគីរោងចក្រ មិនព្រមដោះស្រាយតាមការទាមទារលក្ខខណ្ឌការងារ៥ចំណុចរបស់កម្មករ ហើយបែរជាជួលក្រុមក្មេងទំនើង មកគំរាមកម្មករថែមទៀត។ លោកបន្តថា កាលពីពេលថ្មីៗនេះ រោងចក្របានប្តូរឈ្មោះពី QMID ទៅជារោងចក្រ QMIP វិញ និងបានបញ្ឈប់កម្មករ២៥នាក់ពីការងារ និងបានគេចវេសពីការបើកប្រាក់បំណាច់ដល់កម្មករ។
កម្មកររោងចក្រ QMIP ឈ្មោះ សឿន បូរាណ បន្ថែមថា ក្រៅពីទាមទារឲ្យរោងចក្រទទួលយកកម្មក ២៥នាក់ ដែលបានបញ្ឈប់ឲ្យចូលធ្វើការវិញ កម្មករទាំងអស់ក៏ទាមទារឲ្យរោងចក្រការដកពាក្យបណ្តឹង ដែលប្តឹងកម្មករចេញតុលាការ ផ្តល់លុយបាយឲ្យកម្មករចំនួន ៣៥០០រៀល និងលក្ខខណ្ឌការងារពីរចំណុចទៀត។ លោកថា កម្មករនឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយសមរម្យ សម្រាប់ពួកគេ។
VOD មិនអាចសុំអត្ថាធិប្បាយជុំវិញករណីនេះ ពីភាគីរោងចក្រ QMIP និងលោក ថុល នាង មន្ត្រីក្រសួងការងារ ដែលកម្មករអះអាងថា ជាអ្នកសម្របសម្រួលវិវាទនេះទេ។
ចំណែកមេឃុំពើក លោក ពេញ ផល ដែលបានចុះទៅសម្របសម្រួល ឲ្យមានការបើកកំណាត់ផ្លូវជាតិលេខ៤វិញ មានប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរបាននឹងកំពុងស្វែងរកដំណោះស្រាយជុំវិញករណីនេះ។
បើតាមកម្មកររោងចក្រ QMIP ពួកគេបានធ្វើបាតុកម្មអស់រយៈពេលបីថ្ងៃមកហើយ គឺតាំងពីថ្ងៃទី២៣ ខែមេសាមក ប៉ុន្តែពុំឃើញភាគីរោងចក្រចេញមកដោះស្រាយនោះទេ។ ពួកគេបន្តថា នៅម៉ោង ២រសៀលថ្ងៃសុក្រនេះ មន្ត្រីក្រសួងការងារ លោក ថុល នាង នឹងចុះទៅសម្របសម្រួលរកដំណោះស្រាយលើការទាមទារនេះ ជាមួយតំណាងកម្មករ និងភាគីរោងចក្រ នៅមន្ទីរការងារខេត្តកណ្តាល៕
Home
»
Local News
»
News
»
Social News
»
កម្មកររោងចក្រ QMIP ផ្ទុះបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៤ ទាមទារលក្ខខណ្ឌការងារ ៥ចំណុច