Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

និស្សិតខ្មែរសាកលវិទ្យាល័យ Norton ទទួល​បាន​ជ័យ​លាភី​ទី 3 ក្នុង​ការ​ប្រកួត​ប្រជែង​មនុស្ស​យន្ត​វិទ្យាសាស្ត្រ

in Education , Local News , Technology News
នេះមិនមែនជារឿងធម្មតានោះទេនៅពេលនិស្សិតខ្មែរតំណាង​អោយ​ប្រទេស​កម្ពុជា​ទាំង​មូល​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​មក​ជូន​ជាតិ​មាតុភូមិ ក៏​ដូចជា​លើក​មុខ​មាត់​ប្រទេស​យើង​អោយ​ឈរ​នៅ​ក្នុង​លំដាប់​អន្តរជាតិ ក្នុង​វិស័យ​បច្ចេក​វិទ្យា។ សម្រាប់​យើង​ទាំង​អស់​គ្នា​ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​ទាំង​អស់ ពិត​ជា​កោត​សរសើរ​និស្សិត​សកល​វិទ្យា​ល័យ Norton ខ្លាំង​ណាស់ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ស្វាហាប់​ក្នុង​ការ​ច្នៃ​ប្រឌិត​មនុស្ស​យន្ត​ដ៏​ពិសេស​មួយ​ជួយ​ជា​ជំនួយ​ក្នុង​ការ​ពន្លត់​អាគ្គីភ័យ​ដោយ​យើង​រពឹង​ទុក​ថា នា​ថ្ងៃ​អនាគត​សកម្មភាព​ពន្លត់​អគ្គីភ័យ​ក្នុង​ប្រទេស​យើង​នឹង​មាន​ការ​រីក​ចំរើន​ខ្លាំង ដោយសារ​តែ​វិស័យ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ឡើងៗ។ មនុស្សយន្តពន្លត់អគ្គីសភ័យរបស់ក្រុមនិស្សិតខ្មែរនោះគឺត្រូវ​បាន​យក​ទៅ​ប្រកួត​ប្រជែង​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី 11 ដល់ 13 ខែ​មេសា​កន្លង​ទៅ​ក្នុង​កម្មវិធី Malaysian International Robot Competitions ឬ​ហៅ​កាត់​ថា MIRoC ហើយ​ពួក​គេ​ត្រូវ​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​ការ​ប្រកួត​មនុស្ស​យន្ត ដែល​មាន​គូ​ប្រជែង 19 សកល​វិទ្យាល័យ​ទៀត​មក​ពី​ប្រទេស​ផ្សេងៗ។ មនុស្ស​យន្ត​នោះ​ត្រូវ​បាន​គេ​ហៅ​ថា The Fire Fighting Robot ដែល​ត្រូវ​បាន​រចនា និង​បង្កើត​ឡើង​អោយ​មាន​សមត្ថភាព​ពិសេស​អាច​ទៅ​មុខ​ទៅ​ក្រោយ បត់​ឆ្វេង​ស្ដាំ​បាន ទៅ​តាម​កាលៈទេសៈ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ (គ្រាប់​ប៉េង​ប៉ុង) ក្នុង​អាគារ​អគ្គីភ័យ ក៏​ដូច​ជា​ពន្លត់​ភ្លើង (ទៀន) ដែល​កំពុង​ឆេះ​ដ៏​សន្ធោ​សន្ធៅ​ផង​ដែរ។
thumnails
តែដើម្បីអោយមនុស្សយន្តនោះអាចមានសមត្ថភាពដូចនេះបាន​គឺ ក្នុង​តួ​ម៉ាស៊ីន​របស់​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ខ្សែ​ភ្លើង​មាន​មុខងារ​ផ្សេងៗ​គ្នា​ជា​ច្រើន ដើម្បី​បញ្ជា​ទៅ​គ្រាប់​ឌីណាម៉ូ​សម្រាប់​ប្រមូល​គ្រាប់​បាល់​ប៉េងប៉ុង និង​ផ្នែក​ខាង​លើ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នឹង​កង្ហា​សម្រាប់​ពន្លត់​ភ្លើង​ទៀន ដែល​អ្នក​នឹង​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម។ មនុស្ស​យន្ត​នោះ​មាន​ទម្ងន់​ស្រាល​ត្រឹម​តែ 1.5 គីឡូ​ក្រាម កម្ពស់ 250មម និង​ទំហំ​ព័ទ្ធ​ជុំវិញ 130មម ប៉ុណ្ណោះ ហើយ​ក្ដី​រំពឹង​របស់​មនុស្ស​យន្ត​នោះ​គឺ​អាច​ទាម​ទារ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ដើម្បី​អាច​អោយ​វា​មាន​សមត្ថភាព​ពិសេស​អាច​ធ្វើ​ការ​ជំនួស​អ្នក​ពន្លត់​អគ្គីភ័យ​នៅ​ប្រទេស​កម្ពុជា​យើង​បាន។ យ៉ាងណាក្ដីយើងពិតជាមានមទនភាពខ្លាំងណាស់សម្រាប់​ជ័យ​លាភី​ដែល​ក្រុម​និស្សិត Norton ទទួល​បាន​កាល​ពី​ពេល​ថ្មី​កន្លង​ទៅ ហើយ​ក៏​សង្ឃឹម​យ៉ាង​មុត​មាំ​ទៀត​ថា​ពួក​គាត់​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាង​ណា​អោយ​មនុស្ស​យន្ត​របស់​គាត់​កាន់​តែ​មាន​សមត្ថភាព និង​អស្ចារ្យ​ថែម​មួយ​កំរិត​ទៀត​នា​ពេល​អនាគត។ សូមទស្សនាវីដេអូមនុស្សយន្តរបស់និស្សិតខ្មែរដូចខាងក្រោម៖

ប្រភពៈ​ Cambodia Daily