Latest Post
Loading...
Free Search Engine Submission

Friday, May 2, 2014

កូនចៅ​សព​យាយខ្លី​ប្រកាស​សុំជំនួយ​ឧបត្ថម្ភពី​សប្បុរសជន​ក្នុងអំឡុង​​ពិធី​បុណ្យ​សពម្តាយ​រយៈពេល៣​ថ្ងៃ​ពេញ

in Local News , News , Social News
រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទីបំផុត​រោគាព្យាធិ​បានផ្តាច់​សង្ខារ​តារាកំប្លែង​ និងអ្នកអាយ៉ៃ​ លោកយាយ​ខ្លី​​​ ដែល​មានឈ្មោះ​ពិត​​ នេត្រ ផល្លី​ ​ឱ្យលាចាកលោក​​ទៅហើយ​ កាលពីវេលា​ម៉ោង១២​ និង១២នាទីរំល​ង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី២ ឧសភា​ ២០១៤ នៅមន្ទីរ​ពេទ្យកាល់​ម៉ែត​​។ ដោយសារ​តែមាន​ភាព​ទីទ័ល​ក្រក្នុងជីវិត​ក្រុមគ្រួសារ កូន​ចៅយាយខ្លី​​បានធ្វើការ​អំពាវនាវ​សាជាថ្មី​ដល់សប្បុ​រសជននា​នា និង​មិត្ត​អ្នក​សិល្បៈគ្រប់មជ្ឈ​ដ្ឋានដែល​អាណិត​ស្រលាញ់ការ​សម្តែង​របស់​លោក​យាយ​ មេត្តា​ជួយឧបត្ថម្ភជា​បន្តទៀតសម្រាប់​ចាត់ចែង​ពិធីបុណ្យ​សពលោក​យាយ​​ដែល​ត្រូវ​តម្កល់​រយៈពេលបីថ្ងៃពេញនៅវត្តញានរង្សី ស្ថិតនៅម្តុំអង់តែនទួលគោក។ លោក​យាយខ្លី​មានវ័យ​៦៥ឆ្នាំ​បានចូល​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត​ប្រមាណ​ជាង​បីសប្តាហ៍​មកហើយ​​ដោយ​ទើបតែ​​ធ្លាក់ខ្លួន​ឈឺខ្លាំង​​បាត់​មាត់បាត់.ក​នៅ​ថ្ងៃទី​២៧ មេសា ​​កន្លងទៅ ​ដោយ​គាត់​បឺតទុ​យោ​​បន្តក់អត់​បាន​ទេ​ទាល់​តែបន្តក់​មួយៗ​ទើបបាន។ លោកយាយ​ខ្លីមានជំងឺ​ពុកឆ្អឹង​ចង្កេះ​ ទឹកនោម​ផ្អែម ឡើង​ជាតិស្ករនិង​ពេលកំពុងតែ​សម្រាកព្យាបាល​ពេទ្យរក​ឃើញមុខ​សញ្ញាជំងឺថ្មី​មួយទៀត ​គឺ​របេង​ឆ្អឹង​ដែលបាន​វាយលុក​អាការ​ជំងឺលោក​យាយកាន់​តែទ្រុឌ​ទ្រោម​ទ្វេឡើង។ ដោយសារតែអស់​​​លទ្ធភាពក្រោម​កិច្ចខិតខំពី​សំណាក់លោក​គ្រូពេទ្យនៅ​កាល់​ម៉ែត​បាន​យកចិត្ត​ទុកដាក់​ព្យាបាល​តាមដាន​ជាប្រចាំ​យ៉ាងណា​ក៍មិ​នអាច​ប្រឆាំងនឹង​ជំងឺ​​​ទាំងនោះ​បានឡើយ។ ទីបំផុតលោក​យាយខ្លីត្រូវអស់អាយុសង្ខារ​នៅ​វេលាម៉ោង​១២ និង​១២នាទី​ឈានចូលថ្ងៃទី២​ ឧសភា ដោយបាន​បន្សល់ទុក​នៅក្តី​អាឡោះ​អាឡ័យ​ពីកូនចៅ​ និងភាព​សោក​ស្តាយ​របស់​ប្រិយមិត្ត​ដែលតែង​តែជក់​ចិត្តដិត​អារម្មណ៍ចំពោះ​ការ​សម្តែង​របស់គាត់​ពេលមាន​ជីវិត​​ បើទោះជាមានពេលខ្លះ​សុខភាពរបស់​គាត់​មិន​សូវ​រឹង​មាំ​ក៍ដោយ។ ជុំវិញ​មរណ​ភាព​តារា​កំប្លែង​ជើងចាស់​ដែលមាន​ទេពកោសល្យ និង​ជាគម្រូ​សម្រាប់អ្នកជំ​នាន់ក្រោយ​អ្នកស្រី​ញ៉ែម សារុំ​ ជា​កូន​ស្រី​បង្កើតរបស់លោក​យាយខ្លី​បានឲ្យដឹង​ថា សពរបស់​ម្តាយអ្នក​ស្រី ​នឹង​តម្កល់ទុកធ្វើបុណ្យ​តាម​ប្រពៃណី​​រយៈ​ពេលបី​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​ ទី២ ឧសភា ដល់ថ្ងៃអាទិត្យ ទី៤ នៅក្នុង​បរិវេណ​វត្តញានរង្សី ក្បែរអង់តែន​ទួលគោក​ ស្ថិតក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ។ សព​លោកយាយខ្លីនឹងរៀបចំពិធីបូជាបែបមេរុ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ឧសភា វេលាម៉ោង៨ព្រឹកនេះ ។ បើតាមការអះអាងពីលោកតាអាចារ្យ។ កូនស្រី​យាយ​ខ្លីបន្ត​ទៀត​ថា កុំតែ​បានពេទ្យ​ជួយទេកុំ​អីពួកយើង​ជាកូនចៅគ្មាន​ថវិកា​ឯណា​ចេញថ្លៃ​ព្យាបាល​នោះឡើយ​ បើពួកយើង​ម្នាក់ៗរងស៊ី​បានតែ​រស់​មួយថ្ងៃៗ​ប៉ុណ្ណោះ​បានតែកម្លាំង​ចាត់ចែង​ជួយកំដរគាត់ប៉ុណ្ណោះ។ អ្នកស្រីសូមថ្លែង​អំណរគុណ​ដល់លោក​គ្រូពេទ្យ​ទាំងអស់​នៅកាល់ម៉ែត​ដែលផ្តល់​ក្តីអាណិត​ដល់​ម្តាយអ្នក​ស្រីជួយព្យា​បាលដោយ​ឲ្យថ្នាំពូកែៗ ​ថ្លៃៗសម្រួល​ការឈឺចុក​ចាប់ និងជួយ​សង្រ្គោះរហូត​មក​ ជាពិសេសសប្បុរជន​ទាំងអស់​ដែល​ខ្លះ​សួរ​សុខទុក្ខ​តាមទូរ​ស័ព្ទ ខ្លះមក​ដល់មន្ទីរ​ពេទ្យជួយ​ជាសម្ភារ​​ និងថវិកា​ដើម្បីបាន​ដោះទាល់​ភាពលំបាក​។ ទោះជា​យ៉ាងណា​តាំងនាម​ខ្ញុំជាកូន​ស្រី​តំណាង​ឲ្យបង​ប្អូនញាតិ​មិត្តទាំងអស់​នៃសពលោក​យាយខ្លី​សូមអំពាវ​នាវដល់​សប្បុរជន​ទាំងអស់ទាំងអ្នកសិល្បករគ្រប់​ជំនាន់ដែលអាណិត​ស្រលាញ់​​លោកយាយ​ខ្លី​សូមមេត្តា​ជួយឧបត្ថម្ភ​កម្មវិធីបុណ្យ​សពលោកយាយ​ខ្លីរយៈពេល​បីថ្ងៃនេះ​បានដំណើរ​ការបានរលូន​តទៅទៀត​ព្រោះកូនចៅ​នៅតែគ្មាន​លទ្ធភាពចាត់ចែងបុណ្យបានគ្រប់ជ្រុង​ជ្រោយ​ប៉ុន្មានទេ ​ដោយក្នុង​មួយថ្ងៃៗ​យើងចំណាយ​ច្រើនគួរ​សមសម្រាប់​កម្មវិធីផ្សេងៗ​ ​ម្ហូប​អាហារ និងថ្លៃ​ធ្វើមេរុ​បូជា​សពម្តាយ។ ម្តាយអ្នកស្រី​នឹងធ្វើបុណ្យ​គម្រប់៧ថ្ងៃនៅ​ខេត្តព្រៃវែង​ដោយសារ​តែទីនោះ​មានញាតិមិត្ត និងមានធាតុបងប្អូនក្នុង​វត្ត​ ​​ណា​មួយ​យើងមានផ្ទះសម្បែងងាយស្រួលធ្វើបុណ្យជូនកុសលដល់គាត់។ ទាំងនេះ​ជាសេចក្តី​ជូនដំណឹង​ជាមុន​សម្រាប់​មហាជន​ហើយបង​ប្អូនទាំងអស់​អាចមកចូល​រួមបុណ្យសព​លោកយាយ​បាននៅទីតាំង​ដែលជម្រាប​ជូន​ខាងលើ ។ អ្នកស្រីនេត្រ ផល្លីហៅ​យាយខ្លីមាន​កូន៦នាក់ ក្នុង​នោះប្រុស២​នាក់ តែបច្ចុប្បន្ន​នៅសល់តែ៥នាក់​ បន្ទាប់ពីកូនស្រីពៅ​បានស្លាប់​កាល​ពី​ប៉ុន្មានឆ្នាំមុន។​ លោកយាយខ្លីជា​អ្នកសិល្បៈ​អាយ៉ៃជើង​ចាស់មុន​ចាប់អាជីព​កំប្លែង។ កូនៗរ​បស់គាត់​មាន​ជីវភាពមិន​ធូរធារទេ ក្នុងនោះ​ខ្លះរត់​ម៉ូតូ​ឌុបខ្លះ​លក់​នំ​អាកោ​​ជាដើម ​​ទើបម្នាក់​ខំអំពាវនាវ​រកជំនួយ​ពីសប្បុរជន​ពេលកំពុង​ធ្វើបុណ្យសពជូន​ម្តាយនេះ៕ (កោះសន្តិភាព)